• វាមានន័យថាអ្នករស់នៅជាមួយមេរោគអេដស៍ដែលមានបន្ទុកមេរោគអេដស៍ដែលត្រូវបានបង្ក្រាប (viral suppression) រហូតដល់កម្រិត ១០០០ កូពី/mL ឬទាបជាងហ្នឹង។
• ប្រសិនបើបន្ទុកមេរោគអេដស៍របស់គាត់ធ្លាក់ដល់កម្រិតក្រោម ៤០ កូពី/mL គាត់មានបន្ទុកមេរោគអេដស៍ក្នុងឈាមដែលមិនអាចរាប់បាន ហើយនេះមានន័យថាគាត់មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃទេ ទោះបីជាសាមីខ្លួនគាត់នៅតែមានផ្ទុកមេរោគអេដស៍ក៏ដោយ។ ដូច្នេះ៖ “មិនអាចរាប់មេរោគអេដស៍ឃើញក្នុងឈាម=មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ” ឬ “ម=ម”។
ចំនុចគន្លឹះទាក់ទងនឹងការព្យាបាលគឺធ្វើយ៉ាងណាឲ្យប្រកាន់ខ្ជាប់ក្នុងការទទួលសេវា ART។ នេះក៏រួមបញ្ចូលនឹងការរក្សាទំនាក់ទំនងជាប្រចាំជាមួយក្រុមការងារ ART ផងដែរដោយពួកគាត់ជាអ្នកផ្តល់ការគាំទ្រ និងតាមដានស្ថានភាពសុខភាពរបស់អ្នក។ ដូច្នេះត្រូវធានាឲ្យបានថាអ្នកមកទទួលសេវា បានត្រឹមត្រូវ និងជាប់លាប់ និងប្រឹក្សាជាមួយគ្រូពេទ្យអំពីសុខភាព និងរបបព្យាបាលរបស់អ្នកជាប្រចាំ។
ផ្នែកមួយរបស់សេវា ART របស់អ្នកគឺការធ្វើតេស្តវាស់បន្ទុកមេរោគអេដស៍នៅខែទី ៦ និងខែទី ១២ ក្នុងអំឡុងពេលទទួលការព្យាបាល។ លទ្ធផលពីការធ្វើតេស្តនេះ រួមជាមួយការផ្តល់ប្រឹក្សារបស់គ្រូពេទ្យ នឹងបង្ហាញអ្នកយ៉ាងច្បាស់អំពីស្ថានភាពបន្ទុកមេរោគអេដស៍របស់អ្នក។
គ្រូពេទ្យរបស់អ្នកអាចរៀបចំការណាត់ជួបប្រឹក្សា ក៏ដូចជាការធ្វើតេស្តវាស់បន្ទុកមេរោគនៅពេលបន្ទាប់ដោយពឹងផ្អែកលើស្ថានភាពសុខភាព និងការព្យាបាលរបស់អ្នក។
• ទោះជាអ្នកទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ក៏ដោយ ក៏អ្នកមិនបានជាសះស្បើយពីមេរោគអេដស៍ឡើយ។ ប៉ុន្តែបើអ្នកទទួលការព្យាបាលបានជាប់លាប់ ហើយសម្រេចបានកម្រិតបន្ទុកមេរោគអេដស៍ក្នុងឈាមដែលមិនអាចរាប់បាន អ្នកក៏មិនអាចចម្លងមេរោគនេះទៅអ្នកដទៃបានដែរ។
• អ្នកត្រូវធានាឲ្យបាននូវការរក្សាទំនាក់ទំនងជាប្រចាំជាមួយគ្រូពេទ្យក្នុងការទទួលការប្រឹក្សា និងការគាំទ្រទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធនឹងជីវិតផ្លូវភេទ និងជីវិតទូទៅរបស់អ្នក។