សេវាព្យាបាលមេរោគអេដស៍

ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) គឺត្រូវបានណែនាំសម្រាប់រាល់បុគ្គលដែលរស់នៅជាមួយមេរោគអេដស៍។ ART ជួយឲ្យបុគ្គលទាំងនេះមានជីវិតរស់នៅជាធម្មតា និងមានសុខភាពល្អ។ អ្នករស់នៅជាមួយមេរោគអេដស៍គួរចាប់ផ្តើមទទួលយក ART ឲ្យបានកាន់តែឆាប់កាន់តែល្អ។

នៅគ្លីនិកឈូកស អ្នកអាចទទួលបានសេវា ART ដោយឥតគិតថ្លៃ!

នៅពេលដែលលទ្ធផលតេស្តរកមេរោគអេដស៍របស់អ្នកវិជ្ជមាន អ្នកនឹងទទួលបានការណែនាំយ៉ាងដិតដល់ពីអ្នកផ្តល់ប្រឹក្សារបស់យើងអំពីជំហានបន្ទាប់ដើម្បីឲ្យអ្នកទទួលបានការព្យាបាលបានឆាប់រហ័ស ដែលទង្វើនេះនឹងជួយឲ្យអ្នកបន្តថែរក្សាសុខភាពរបស់អ្នកឲ្យនៅល្អប្រសើរ។ គ្លីនិករបស់យើងក៏មានការផ្តល់សេវា ART នៅក្នុងថ្ងៃតែមួយដែលអ្នកទទួលបានលទ្ធផលតេស្តវេជ្ជមានផងដែរ។

ជាមួយការគាំទ្រពីសំណាក់បុគ្គលិកអប់រំសហគមន៍របស់អង្គការដៃគូ អ្នកផ្តល់ប្រឹក្សារបស់យើងធ្វើការជាប្រចាំ និងជាប់លាប់ ដើម្បីធានាថាការព្យាបាលរបស់អ្នកប្រព្រឹត្តទៅដោយរលូន។ ទោះជាអ្នកអាចនឹងមានបញ្ហាមួយចំនួនទាក់ទងនឹងផលប៉ះពាល់តិចតួចរបស់ ART ក៏ដោយនៅពេលអ្នកទើបចាប់ផ្តើមការព្យាបាល ផលប៉ះពាល់ទាំងនេះតែងតែបាត់ទៅវិញដោយឆាប់រហ័ស។

បន្ថែមលើនេះ បុគ្គលិកយើងនឹងធ្វើការជាមួយអ្នកដើម្បីធានាថាអ្នកមិនភ្លេច ឬរំលងការណាត់ជួបជាប្រចាំជាមួយវេជ្ជបណ្ឌិត ឬអ្នកប្រឹក្សារបស់យើង និងធានាថាអ្នកបន្តទទួលការព្យាបាលបានជាប់លាប់។ ចំណុចនេះមានលក្ខណៈសំខាន់ខ្លាំង ព្រោះថានៅពេលដែលបន្ទុកមេរោគអេដស៍នៅក្នុងឈាមរបស់អ្នកមានការថយចុះរហូតដល់កម្រិតមួយដែលមិនអាចរាប់បាន អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃបានឡើយទោះជាខ្លួនអ្នកផ្ទាល់រស់នៅជាមួយមេរោគអេដស៍ក៏ដោយ!

បើអ្នកចង់យល់ដឹងបន្ថែមអំពី ART កាបង្រ្កាបបន្ទុកមេរោគអេដស៍ក្នុងឈាម និង “ម=ម” (មិនអាចរាប់មេរោគអេដស៍ឃើញក្នុងឈាម=មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) សូមចូលទៅទំព័រសំណួរ-ចម្លើយទូទៅរបស់យើង។ បើអ្នកចង់ទាក់ទងមកគ្លីនិកយើងសម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ