អំពីយើង

ប្រវត្តិរបស់យើង

បង្កើតឡើងនៅឆ្នាំ ២០០១ ក្នុងរូបភាពជាក្រុមជួយខ្លួនឯង ហើយដែលបានប្រែក្លាយទៅជាសមាគមន៍នៅឆ្នាំ ២០០៦ សមាគមន៍ឈូកសគឺជាអង្គការមិនមែនរដ្ឋាភិបាលមួយផ្តោតលើការផ្តល់សេវាមេរោគអេដស៍/ជំងឺអេដស៍ដែលមានគុណភាពខ្ពស់ដល់ប្រជាជនដែលងាយរងគ្រោះ និងអ្នកដែលមិនទាន់ទទួលសេវាគាំទ្របានគ្រប់គ្រាន់ រួមទាំងសមាជិកមកពីសហគមន៍ក្រុមគោលដៅផងដែរ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំនេះ គ្លីនិកយើងបានពង្រីកការផ្តល់សេវាកម្មបន្ថែមដោយរួមបញ្ចូលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សេវាធ្វើតេស្ត និងសេវាបញ្ជូនបន្តទាក់ទងនឹងជំងឺថ្លើម ជំងឺ HPV និងជំងឺផ្សេងៗទៀតមួយចំនួន។ សកម្មភាពទាំងនេះបានប្រែក្លាយគ្លីនិកយើងទៅជាអ្នកផ្តល់សេវាជាកញ្ចប់នៅក្រោមដំបូលតែមួយ (one-stop service provider) សម្រាប់អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន។

គ្លីនិកឈូកសឲ្យអាទិភាពអតិថិជនរបស់យើងជាគោល។ យើងធ្វើការងារដោយផ្តោតលើគោលតម្លៃសហគមន៍ ភាពចម្រុះ កិច្ចការប្រកបដោយវិជ្ជាជីវៈ និងភាពឱនលំទោន។ ក្រុមការងារយើងដែលរួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកផ្តល់ប្រឹក្សា និងបុគ្គលិកការិយាល័យ ធ្វើការរួមគ្នាដើម្បីធ្វើឲ្យបទពិសោធន៍ទទួលសេវាសុខភាពរបស់អតិថិជនមានភាពល្អប្រសើរ ក៏ដូចជាផ្តល់ឲ្យពួកគាត់នូវការគាំទ្រដែលឆ្លើយតបជាក់លាក់ទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់គាត់។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៩ គ្លីនិកឈូកសយើងបានបម្រើសេវាដល់អតិថិជនជាង ៧៨.៩០០ នាក់មកហើយ។ យើងមានមោទនភាពយ៉ាងខ្លាំងអំពីសមិទ្ធិផលការងាររបស់យើង និងសេវាកម្មទាំងឡាយដែលយើងបានផ្តល់ឲ្យអតិថិជន និងសហគមន៍ទាំងមូល។

បេសកកម្ម និងចក្ខុវិស័យ

បេសកកម្ម

យើងមានគោលបំណងផ្តល់សេវាថែទាំមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺកាមរោគ សេវាធ្វើតេស្តរកមេរោគអេដស៍ និងសេវាគាំពារ និងបង្ការផ្សេងៗ ដល់អ្នកបម្រើការនៅសេវាកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទ អ្នកប្រើថ្នាំញៀន អ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនដែលងាយរងគ្រោះដទៃទៀត។

ចក្ខុវិស័យ

អ្នកបម្រើការនៅសេវាកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទ អ្នកប្រើថ្នាំញៀន អ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនដែលងាយរងគ្រោះដទៃទៀតអាចមានសុខភាព និងគុណភាពជីវិតល្អប្រសើរ ដោយទទួលបានការផ្តល់សេវាថែទាំ និងព្យាបាលបានយ៉ាងងាយស្រួល និងដោយមិនមានការមាក់ងាយ និងរើសអើង។

គោលការណ៍ និងគុណតម្លៃរបស់យើង

នៅគ្លីនិកឈូកស យើងឲ្យតម្លៃទៅលើភាពរួមបញ្ចូលគ្នា ការយល់គ្នាទៅវិញទៅមក ការងារប្រកបដោយវិជ្ជាជីវៈ ភាពឱនលំទោន និងភាពចម្រុះ។ បុគ្គលិករបស់យើងទាំងអស់គ្នាតែងព្យាយាមធ្វើឲ្យគុណភាពនៃការផ្តល់សេវាគាំទ្រដល់អតិថិជនមានភាពល្អប្រសើរ និងបើកចិត្តទូលាយសម្រាប់រាល់មតិរិះគន់ស្ថាបនារបស់ពួកគាត់។ ការធ្វើការងារជាមួយសហគមន៍ដែលមិនសូវទទួលបាឱកាស ឬសហគមន៍ដែលងាយរងគ្រោះ តម្រូវឲ្យគ្លីនិកយើងយកចិត្តទុកដាក់លើអតិថិជនប្រកបដោយការអាណិតអាសូរ និងធ្វើយ៉ាងណាឲ្យពួកគាត់មានភាពងាយស្រួលក្នុងការមកទទួលសេវានៅគ្លីនិក។ មិនតែប៉ុណ្ណោះ យើងក៏រំពឹងថាអង្គការដៃគូរបស់យើងក៏មានបទដ្ឋានខ្ពស់ដូចគ្នាក្នុងការផ្តល់សេវាថែទាំដល់ក្រុមគោលដៅតាមរយៈការចុះជួប និងបញ្ជូនបន្តរបស់គាត់។

សមាជិកក្រុមការងាររបស់យើង

ស្ថាប័នដៃគូ និងម្ចាស់មូលនិធិរបស់យើង