ការរួមភេទដែលមានសុវត្ថិភាពកើតឡើងនៅពេលអ្នករួមភេទដោយមានការការពារត្រឹមត្រូវ។ ជម្រើសការពារដែលគេតែងជ្រើសយកជាទូទៅគឺការប្រើស្រោមអនាម័យ។ ជម្រើសមួយទៀតគឺការប្រើប្រឹព។ សូមចូលមើលទំព័រសេវាប្រឹពរបស់យើងសម្រាប់ព័ត៌មានបន្ថែម។
• យល់ដឹងច្បាស់លាស់ពីអ្វីដែលអ្នកបម្រុងនឹងសាកមុននឹងអ្នកសាកល្បងអនុវត្ត។
• សិក្សាបន្ថែមអំពីហានិភ័យពាក់ព័ន្ធនឹងសកម្មភាពនោះ រួមជាមួយនឹងដំណោះស្រាយផងដែរ។
• ពិភាក្សាជាមួយដៃគូរបស់អ្នកអំពីការព្រួយបារម្ភណាមួយដែលអ្នកមានពាក់ព័ន្ធនឹងការប្រឈម។
• មានការប្រុងប្រយ័ត្ន និងការពារខ្លួនជាមុនជានិច្ចករណីដែលអ្នកអាចធ្លាក់ក្នុងស្ថានភាពប្រឈមណាមួយ។
• បើអាចធ្វើបាន គួរជៀសវាងស្ថានភាពដែលអាចធ្វើឲ្យអ្នកប្រឈមខ្លាំង (ឧ. រួមភេទជាក្រុម ប្រើម្ជុលសឺរ៉ាំងរួមគ្នាដោយគ្មានសុវត្ថិភាព)។
• អ្នកអាចប្រឹក្សាជាមួយអ្នកជំនាញជាមុនអំពីសកម្មភាពផ្លូវភេទណាមួយដែលអ្នកចង់សាកល្បង។
ប្រើស្រោមអនាម័យ និងទឹករំអិលនៅពេលអ្នករួមភេទតាមទ្វារមាស តាមគូថ ឬតាមមាត់ ដើម្បីបង្ការពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ។ ស្រោមអនាម័យងាយដាច់រហែកប្រសិនបើយើងមិនបានប្រើទឹករំអិលដែលបង្កើតឡើងពីសមាសធាតុទឹក។ ស្រោមអនាម័យដែលរហែកគ្មានប្រសិទ្ធភាពក្នុងការការពារអ្នកពីមេរោគអេដស៍ និងជំងឺកាមរោគឡើយ។ ការប្រើស្រោមអនាម័យក្នុងអំឡុងពេលរួមភេទតាមមាត់អាចបង្ការអ្នកពីការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផ្សេងៗ។
• ដាក់ស្រោមអនាម័យ នឹងទឹករំអិល ៣-៤ កញ្ចប់តាមខ្លួនជាប្រចាំ និងធ្វើយ៉ាងណាកុំឲ្យវាត្រូវថ្ងៃ ឬត្រូវក្តៅ។
• ទុកស្រោមអនាម័យ និងទឹករំហិលនៅក្បែរគ្រែគេង ឬនៅកន្លែងសមស្របណាមួយដែលអ្នកតែងរួមភេទ។
• ប្រសិនបើអ្នកគ្មានស្រោមអនាម័យ ឬទឹករំអិលនៅជាប់ ឬនៅក្បែរខ្លួនទេ អ្នកអាចទៅផ្សារទំនើប ផ្សារមិនីម៉ាត ឬឱសថស្ថាន ដើម្បីទិញវាបាន។
ខាងក្រោមជាចំនុចសំខាន់មួយចំនួនដែលអ្នកត្រូវចងចាំនៅពេលប្រើស្រោមអនាម័យ៖
• ប្រើស្រោមអនាម័យរាល់ពេលដែលអ្នករួមភេទ។
• ពាក់ស្រោមអនាម័យមុនពេលរួមភេទ។
• អានសារណែនាំ និងថ្ងៃផុតកំណត់នៅលើកញ្ចប់ស្រោមអនាម័យឲ្យបានជាក់លាក់។
• ពិនិត្យឲ្យច្បាស់ថាស្រោមអនាម័យមិនរហែក ឬខូចខាតក្នុងរូបភាពណាមួយ។
• ប្រើស្រោមអនាម័យដែលធ្វើពីសារធាតុ latex ឬ polyurethane។
• ប្រើទឹករំអិលដែលធ្វើពីសារធាតុទឹក ឬសារធាតុស៊ីលីកូនច្រើន ដើម្បីចជៀសវាងការបែក ឬរហែកស្រោមអនាម័យ។
• កុំទុកស្រោមអនាម័យក្នុងការបូបលុយ ព្រោះកំដៅ និងភាពកកិតរបស់កាបូបអាចធ្វើឲ្យស្រោមអនាម័យខូចខាតបាន។
• កុំប្រើប្រភេទសារធាតុ nonoxynol-9 ដោយសារវាអាចធ្វើឲ្យកើតរលាក។
• កុំប្រើសារធាតុដែលមានជាតិប្រេងដូចជា ឡេ ប្រេងប្រើសម្រាប់ទារក ចាហួយប្រេង ឬប្រេងឆា ព្រោះវាអាចធ្វើឲ្យស្រោមអនាម័យរហែក ឬបែកបាន។
• កុំប្រើស្រោមអនាម័យលើសពីមួយក្នុងមួយលើក។
• កុំប្រើស្រោមអនាម័យដែលបានប្រើរួចហើយ។
ប្រឹព (pre-exposure prohylaxis - PrEP) គឺជាការលេបថ្មាំមួយគ្រាប់ប្រចាំថ្ងៃដែលអាចបង្ការអ្នកពីការឆ្លងមេរោគអេដស៍។ ប៉ុន្តែប្រឹពមិនអាចការពារអ្នកពីជំងឺកាមរោគបានឡើយ។
ប្រឹពមានអត្ថប្រយោជន៍សម្រាប់បុគ្គលដែលចង់បាន ឬត្រូវការជម្រើសការពារខ្លួនបន្ថែមពីការឆ្លងមេរោគអេដស៍។ បុគ្គលទាំងនោះមិនចាំបាច់ប្រើប្រឹពអស់មួយជីវិតនោះទេ គឺវាអាចប្រើបាននៅក្នុងករណីដែលបុគ្គលម្នាក់មានឥរិយាបថប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ជាពិសេសនៅពេលដែលគាត់ពុំមានសម្ព័ន្ធភាពស្នេហាមួយទល់នឹងមួយច្បាស់លាស់។ អ្នកគួរធ្វើការប្រឹក្សាជាមួយពេទ្យជំនាញដើម្បីកំណត់ថាតើប្រឹពពិតជាជម្រើសមួយសាកសមសម្រាប់អ្នកដែរឬទេ។
ប្រឹពមានផលប៉ះពាល់តិចតួចដែលតែងថយចុះជាបន្តបន្ទាប់។
• ការប្រើប្រឹពត្រូវការយ៉ាងហោចណាស់ ៧ ថ្ងៃក្នុងការឈានទៅដល់កម្រិតការពារខ្ពស់ក្នុងរាងកាយ។ នៅពេលប្រើត្រឹមត្រូវ ប្រឹពមានប្រសិទ្ធភាពពី ៩២% ទៅ ៩៩% ក្នុងការកាត់បន្ថយការប្រឈមនឹងការឆ្លងមេរោគអេដស៍សម្រាប់អ្នកមិនផ្ទុកមេរោគអេដស៍ នៅពេលដែលគាត់ប្រើប្រឹពរាល់ថ្ងៃ។
• ប្រឹព + ស្រោមអនាម័យ៖ ប្រឹពមិនអាចការពារបុគ្គលពីការឆ្លងជំងឺកាមរោគទេ ដូច្នេះការប្រើស្រោមអនាម័យរួមជាមួយនឹងប្រឹពគឺជាជម្រើសល្អបំផុត។
ប្រឹពពិតជាអាចរកបាននៅប្រទេសកម្ពុជា។ ជាពិសេស អ្នកក៏អាចមកទទួលយកសេវាប្រឹពនៅគ្លីនិកយើងផងដែរ។ អ្នកអាចចូលទៅកាន់ទំព័រសេវាប្រឹពសម្រាប់ព័ត៌មានបន្ថែម។
ប៉ឹព (post-exposure prophylaxis – PEP) គឺជាជម្រើសបង្ការការឆ្លងមេរោគអេដស៍តាមរយៈការប្រើឱសថប្រឆាំងមេរោគអេដស៍ បន្ទាប់ពីមានការប្រឈមប៉ះពាល់នឹងមេរោគនេះក្នុងពេលថ្មីៗ។ ប៉ឹពមានប្រសិទ្ធភាពបំផុតនៅពេលប្រើប្រាស់ក្នុងអំឡុងពេលពី ២ ទៅ ៤ ម៉ោងបន្ទាប់ពីការប្រឈមប៉ះពាល់។ ពេទ្យជំនាញនឹងមិនផ្តល់ប៉ឹពឲ្យទៅអតិថិជនទេប្រសិនបើការប្រឈមប៉ះពាល់មានរយៈពេលលើសពី ៧២ ម៉ោង។
• អ្នកនឹងត្រូវប្រើប៉ឹពចំនួន ២៨ ថ្ងៃពេញ។
• ប្រសិនបើអ្នកមានលទ្ធផលតេស្តមេរោគអេដស៍វិជ្ជមានក្នុងអំឡុងពេលនោះ ការប្រើប៉ឹពនឹងត្រូវបានបញ្ឈប់។
• ប្រសិនបើលទ្ធផលតេស្តរកមេរោគអេដស៍របស់អ្នកអវិជ្ជមាន អ្នកនឹងធ្វើតេស្តម្តងទៀតនៅ ៣ ខែបន្ទាប់ពីការប្រើប៉ឹពរបស់អ្នកបានចប់ជាស្ថាពរ។
ជាទូទៅ ការប្រើឱសថតែងមានផលប៉ះពាល់ខ្លះ (តិចតួច ខ្លាំង ឬរយៈពេលវែង)។ ជម្រើសល្អគឺអ្នកគួរពិភាក្សាជាមួយពេទ្យជំនាញ។
• រូបរាងខាងក្រៅមិនអាចឲ្យអ្នកកំណត់បានថានរណាម្នាក់ប្រឈមនឹងមេរោគអេដស៍ ឬជំងឺកាមរោគ ឬមានផ្ទុកមេរោគអេដស៍ឡើយ។ ជម្រើសដែលល្អបំផុតគឺការធ្វើវាយតម្លៃកម្រិតប្រឈម និងធ្វើតេស្តរោកមេរោគអេដស៍។
• ទោះជាការជឿជាក់លើគ្នាទៅវិញទៅមកជាគន្លឹះសំខាន់ក្នុងសម្ព័ន្ធភាពមួយក៏ដោយ ប្រសិនបើអ្នកមិនច្បាស់ពីស្ថានភាពរបស់ដៃគូរបស់អ្នក វាជាជម្រើសល្អមួយសម្រាប់អ្នកក្នុងការពិភាក្សាពីការធ្វើតេស្តជាមួយគាត់ ឬអ្នកអាចទៅធ្វើតេស្តរកមេរោគអេដស៍ជាមួយគ្នាក៏បាន។
• វាសំខាន់ណាស់ដែលអ្នក និងដៃគូអ្នកមានសុខភាព និងសម្ព័ន្ធភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ វិធីសាស្ត្រដែលល្អក្នុងការថែរក្សាស្ថានភាពនៃក្តីស្រឡាញ់នេះ និងដើម្បីឲ្យមានអារម្មណ៍ជ្រះស្រឡះ គឺការយល់ពីគ្នាទៅវិញទៅមក និងការដឹងពីស្ថានភាពសុខភាពផ្លូវភេទ ពិសេសស្ថានភាពមេរោគអេដស៍របស់សាមីខ្លួនទាំងពីរ។ សេវាធ្វើតេស្តរកមេរោគអេដស៍មានភាពងាយស្រួល រហ័ស និងងាយរកបាននៅប្រទេសកម្ពុជា។
• ទោះជាពេលខ្លះការឆ្លើយថា “ទេ” គឺជាការលំបាក វាអាចជួយឲ្យអ្នកចាប់ផ្តើមធ្វើការពិភាក្សាដោយបើកចំហជាមួយដៃគូរបស់អ្នកអំពីការព្រួយបារម្ភដែលអ្នកមានទាក់ទងនឹងការរួមភេទដោយគ្មានការការពារ ពីព្រោះអ្នកពិតជាខ្វាយខ្វល់ពីសុខុមាលភាពរបស់ខ្លួនអ្នក និងដៃគូអ្នកផងដែរ។
• អ្នកអាចនិយាយគ្នាជាមួយដៃគូក្នុងបរិបទថែរក្សាសុខភាពរបស់អ្នកទាំងពីរឲ្យបានល្អប្រសើរ។ ការការពារវាជួយឲ្យអ្នកទាំងពីរមានអារម្មណ៍នឹងន និងមានស្ថិរភាព។ វាអាចជួយជីវិតផ្លូវភេទរបស់អ្នកទាំងពីរឲ្យកាន់តែសប្បាយអស់ក្តីបារម្ភផងដែរ។
• គួរចាំថាការធ្វើតេស្តរកមេរោគអេដស៍គឺមានភាពងាយស្រួល រហ័ស និងអាចរកបានយ៉ាងស្រួលនៅទូទាំងប្រទេសកម្ពុជា។ អ្នកទាំងពីរអាចគាំទ្រគ្នាទៅវិញទៅមក ហើយទៅធ្វើតេស្តរកមេរោគអេដស៍ទាំងអស់គ្នា។