ការលេបថ្នាំបង្ការជាមុននៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) គឺជាវិធីសាស្រ្តប្រើថ្នាំបង្ការសម្រាប់បុគ្គលដែលមិនមានមេរោគអេដស៍ ប៉ុន្តែអាចប្រឈមនឹងការឆ្លងដោយសារតែឥរិយាបថប្រឈមរបស់គាត់។ វិធីសាស្រ្តនេះគឺជាការលេបថ្នាំបង្ការរាល់ថ្ងៃដែលអាចកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ដល់កម្រិតសឹងតែស្មើសូន្យ ប្រសិនបើអ្នកលេបវាជាប្រចាំ និងត្រឹមត្រូវ។ (ប្រសិនបើអ្នកមិនច្បាស់ពីស្ថានភាពមេរោគអេដស៍របស់អ្នក អ្នកអាចធ្វើតេស្តរកមេរោគអេដស៍នៅគ្លីនិកយើងបាន!)
ចូរកត់សម្គាល់ថា PrEP មិនអាចការពារអ្នកពីការឆ្លងជំងឺកាមរោគ ឬបង្ការអ្នកពីការមានផ្ទៃពោះដោយចៃដន្យបានឡើយ។
អ្នកអាចទទួលសេវា PrEP នៅគ្លីនិកឈូកសដោយឥតគិតថ្លៃ! ចំណែកឯដំណើរការប្រឹក្សា និងចុះឈ្មោះទទួលសេវានេះក៏មានភាពងាយស្រួល និងសាមញ្ញផងដែរ។
ប្រសិនបើអ្នកគិតថាអ្នកអាចមានការប្រឈមនឹងការឆ្លងមេរោគអេដស៍ (ចុចទីនេះដើម្បីយល់ដឹងបន្ថែមអំពីប្រភេទឥរិយាបថប្រឈម) សេវា PrEP អាចនឹងសមស្របសម្រាប់អ្នក។ អ្នកអាចមកកាន់គ្លីនិកឈូកសផ្ទាល់ ឬទាក់ទងយើងតាមទូរស័ព្ទដើម្បីទទួលព័ត៌មានបន្ថែមអំពីសេវានេះ។ អ្នកផ្តល់ប្រឹក្សារបស់យើងនឹងធ្វើការណែនាំពីដំណើរការយកសេវាដល់អ្នក និងឆ្លើយតបសំណួរទាំងឡាយណាដែលអ្នកអាចមានទាក់ទងនឹងជម្រើសបង្ការថ្មីមួយនេះ។
ក្នុងពេលជាមួយគ្នានេះ អ្នកក៏អាចទៅកាន់ទំព័រសំណួរ-ចម្លើយទូទៅរបស់យើងដើម្បីយល់ដឹងបន្ថែមអំពី PrEP។