នេះជាប្រភេទតេស្តពីរក្នុងឧបករណ៍តែមួយដែលអនុញ្ញាតឲ្យអ្នកដឹងពីលទ្ធផលតេស្តរកមេរោគអេដស៍ និងមេរោគស្វាយបានក្នុងពេលតែមួយ។ វាត្រូវការបរិមាណឈាមតិចតួច ហើយដំណើរការធ្វើតេស្តក៏មានភាពឆាប់រហ័ស។
អ្នកអាចរកតេស្តនេះបាននៅគ្លីនិករបស់យើងផងដែរ។ ចុចទីនេះដើម្បីសិក្សាបន្ថែមអំពីសេវាធ្វើតេស្តរកមេរោគអេដស៍របស់គ្លីនិកយើង ឬបស់យើងផងដែរ។ ទាក់ទងមកយើងផ្ទាល់សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប។
• រយៈពេលចំហគឺជារយៈពេលចាប់ពីការឆ្លងមេរោគអេដស៍ដំបូងរហូតដល់ពេលដេលរាងកាយបង្កើតនូវអង្គបដិប្រាណប្រឆាំងមេរោគអេដស៍ក្នុងបរិមាណគ្រប់គ្រាន់សម្រាប់តេស្តរកមេរោគអេដស៍អាចរកឃើញ/រាប់បាន។
• រយៈពេលចំហអាចមានការប្រែប្រួលអាស្រ័យទៅលើប្រសិទ្ធភាព/ប្រភេទរបស់តេស្តផ្សេងៗគ្នា។ នៅក្នុងរយៈពេលចំហ បុគ្គលម្នាក់អាចមានលទ្ធផលតេស្តអវិជ្ជមានទោះបីជាគាត់មានផ្ទុកមេរោគអេដស៍ក៏ដោយ។
ដំណើរការទាំងមូលត្រូវបានចែកចេញជាបីដំណាក់កាល៖
• ដំណាក់កាលទី១ គឺការចុះឈ្មោះ និងការប្រឹក្សាមុនពេលធ្វើតេស្ត ពោលគឺអ្នកនឹងទទួលបានការប្រឹក្សាជាមួយអ្នកជំនាញប្រឹក្សារបស់យើងអំពីព័ត៌មានគោលទាក់ទងនឹងមេរោគអេដស៍/ជំងឺអេដស៍ ឥរិយាបថប្រឈម និងផ្នែកផ្សេងទៀតអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
• ដំណាក់កាលទី២ គឺការធ្វើតេស្តរកមេរោគអេដស៍ ពោលគឺអ្នកផ្តល់ប្រឹក្សាដដែល ឬអ្នកជំនាញធ្វើតេស្តម្នាក់ទៀត នឹងមកធ្វើតេស្តរកមេរោគអេដស៍ដល់អ្នក។ ដំណាក់កាលនេះមានរយៈពេលប្រហែល ២ ទៅ ៣ នាទីប៉ុណ្ណោះ។
• ដំណាក់កាលទី៣ គឺការផ្តល់ប្រឹក្សាបន្ទាប់ពីការធ្វើតេស្ត ពោលគឺបន្ទាប់ពីអ្នកធ្វើតេស្តរកមេរោគអេដស៍ហើយ អ្នកនឹងរងចាំប្រហែល ១៥ នាទីមុននឹងអ្នកទទួលលទ្ធផល។ នៅពេលអ្នកទៅយកលទ្ធផលតេស្ត អ្នកផ្តល់ប្រឹក្សានឹងធ្វើការបកស្រាយពីលទ្ធផលតេស្តរបស់អ្នក ក៏ដូចជាផ្តល់ព័ត៌មាន និងការណែនាំបន្ថែមពឹងផ្អែកលើលទ្ធផលតេស្តដែលអ្នកទទួលបាន។
សូមចងចាំថាការផ្តល់ប្រឹក្សាធ្វើតេស្តរកមេរោគអេដស៍ជាការស្ម័គ្រចិត្ត។ គ្មានបុគ្គលណាម្នាក់អាចបង្ខំអ្នកឲ្យធ្វើតេស្តរកមេរោគអេដស៍ប្រសិនបើអ្នកមិនយល់ព្រម។ ការយល់ព្រមរបស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់។
ការធ្វើតេស្តរកមេរោគអេដស៍/មេរោគស្វាយដោយការជោះចុងម្រាមដៃ ដែលបានផ្តល់ឲ្យនៅតាមស្ថាប័នរដ្ឋ ស្ថាប័នអង្គការ ក៏ដូចជាគ្លីនិកឯកជនមួយចំនួនគឺមានគុណភាពល្អអាចទុកចិត្តបាន។
ជាទូទៅប្រសិនបើអ្នកមានមន្ទិលទាក់ទងនឹងគុណភាពតេស្តរកមេរោគអេដស៍ អ្នកអាចធ្វើការពិភាក្សាពិស្តារជាមួយពេទ្យ ឬអ្នកផ្តល់ប្រឹក្សាជំនាញដើម្បីទទួលព័ត៌មាន ឬការបកស្រាយបន្ថែម។
អ្នកពិតជាអាចទុកចិត្តលទ្ធផលតេស្តបាន។ លទ្ធផលតេស្តនេះជាទូទៅមានភាពសុក្រិតណាស់។
នៅក្នុងករណីកម្រដែលលទ្ធផលតេស្តមានភាពស្រពិចស្រពិល អ្នកអាចសំណូមពរធ្វើតេស្តម្តងទៀតបាន។
ការទទួលសេវាផ្តល់ប្រឹក្សាធ្វើតេស្តរកមេរោគអេដស៍គឺជាការស្ម័គ្រចិត្ត ហើយគ្មានបុគ្គលណាម្នាក់អាចបង្ខំអ្នកឲ្យផ្តល់ព័ត៌មានណាមួយដែលអ្នកមិនចង់ផ្តល់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកតែងតែត្រូវបានលើកទឹកចិត្តធ្វើការពិភាក្សាជាមួយអ្នកផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងការយល់ដឹងរបស់អ្នកអំពីមេរោគអេដស៍/ជំងឺអេដស៍ ឬហានិភ័យណាមួយដែលអ្នកអាចប្រឈម។
• ប្រសិនបើអ្នកមិនសូវមានទំនុកចិត្តលើលទ្ធផលតេស្ត អ្នកអាចសំណូមពរធ្វើតេស្តរកមេរោគអេដស៍ម្តងទៀតដោយអ្នកផ្តល់ប្រឹក្សាដដែល ដោយអ្នកជំនាញម្នាក់ទៀត នៅស្ថាប័នផ្សេង ឬនៅពេលវេលាផ្សេង។ល។
• ប្រសិនបើអ្នកបានប្រឈមប៉ះពាល់នឹងមេរោគអេដស៍ យើងលើកទឹកចិត្តអ្នកឲ្យទៅធ្វើតេស្តបញ្ជាក់។
ការធ្វើតេស្តរកមេរោគអេដស៍គឺមិនមានការបង់ថ្លៃទេនៅទូទាំងប្រទេស។ មែនហើយ អ្នកក៏អាចមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ និងសេវាពាក់ព័ន្ធផ្សេងទៀតនៅគ្លីនិកឈូកសយើងផងដែរ។ សូមចូលទៅកាន់ទំព័របស់យើងផងដែរ។ សេវាធ្វើតេស្តរកមេរោគអេដស៍របស់យើងសម្រាប់ព័ត៌មានបន្ថែម។ (កំណត់ចំណាំ៖ ការផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍នៅស្ថាប័នឯកជនអាចទាមទារឲ្យមានការបង់កម្រៃ ប៉ុន្តែតម្លៃសេវានៅតែអាចទទួលយកបាន។)
តេស្តបញ្ជាក់នឹងត្រូវបានផ្តល់ឲ្យនៅពេលអ្នកទទួលបានលទ្ធផលប្រតិកម្មពីការធ្វើតេស្តរហ័ស។ តេស្តប្រភេទនេះគឺសម្រាប់បញ្ជាក់ឲ្យបានច្បាស់ថាតើអ្នកពិតជាមាន ឬគ្មានផ្ទុកមេរោគអេដស៍។ អ្នកអាចធ្វើតេស្តបញ្ជាក់នៅក្នុងថ្ងៃតែមួយបន្ទាប់ពីអ្នកធ្វើតេស្តរហ័ស។