ប្រសិនបើលទ្ធផលតេស្តជំងឺកាមរោគរបស់អ្នកវិជ្ជមាន អ្នកអាចទទួលការព្យាបាលជំងឺកាមរោគនៅគ្លីនិកយើងដោយឥតគិតថ្លៃ។ វេជ្ជបណ្ឌិតរបស់យើងនឹងពន្យល់ណែនាំអ្នកអំពីដំណើរការព្យាបាលយ៉ាងលំអិត ព្រមទាំងអាចភ្ជាប់អ្នកទៅសេវាពាក់ព័ន្ធដទៃទៀតប្រសិនចាំបាច់។ ក្នុងករណីដែលថ្នាំព្យាបាលអស់ពីស្តុក គ្រូពេទ្យរបស់យើងនឹងចេញជាវេជ្ជបញ្ជាសម្រាប់អ្នកក្នុងការទិញថ្នាំបានដោយខ្លួនឯង។
ការរៀបចំឲ្យអ្នកទទួលបានការព្យាបាលគឺគ្រាន់តែជាចំណុចចាប់ផ្តើមសម្រាប់យើងតែប៉ុណ្ណោះ។ បុគ្គលិកវេជ្ជសាស្ត្ររបស់គ្លីនិកឈូកស និងបុគ្គលិកអប់រំសហគមន៍របស់អង្គការដៃគូនឹងបន្តធ្វើការគាំទ្រជាប្រចាំដល់អ្នក ដើម្បីធានាថាអ្នកប្រកាន់យកការព្យាបាលបានជាប់លាប់ ព្រមទាំអធ្វើការឆ្លើយតបទៅនឹងការព្រួយបារម្ភណាមួយដែលអ្នកអាចមាន។
ចូរចងចាំប្រើប្រាស់ជម្រើសការពារខ្លួនរាល់ពេល (ចុចទីនេះសម្រាប់ព័ត៌មានបន្ថែមពីការការពារខ្លួន) ដែលអ្នករួមភេទជាមួយដៃគូ ឬអ្នកអាចមកធ្វើការទាក់ទងពិភាក្សាជាមួយយើងប្រសិនបើអ្នកមានការខ្វល់ខ្វាយអ្វីមួយពីសុខភាពផ្លូវភេទរបស់អ្នក។ យើងតែងតែស្វាគមន៍ផ្តល់ការគាំទ្រដល់អ្នកជានិច្ច។