ការបង្ការ៖ ការឆ្លង/ចម្លងមេរោគអេដស៍

តើមេរោគអេដស៍ (HIV) ជាអ្វី?

មេរោគអេដស៍គឺជាមេរោគដែលអាចឆ្លងបានតាមរយៈសារធាតុរាវរាងកាយមួយចំនួនដែលវាយប្រហារលើប្រព័ន្ធភាពស៊ាំរបស់យើង។ បើគ្មានការព្យាបាល មេរោគអេដស៍អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែលបណ្តាលឲ្យរាងកាយយើងមិនអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗបាន។ ពពួកជំងឺឱកាសនិយម ឬជំងឺមហារីកអាចនឹងឆ្លៀតយកឱកាសនេះដើម្បីរីករាលដាលហើយអាចនាំទៅដល់ការកើតជំងឺអេដស៍បាន។

តើជំងឺអេដស៍ (AIDS) ជាអ្វី?

ជំងឺអេដស៍មិនមែនជាមេរោគទេ តែវាជាបណ្តុំរោគសញ្ញាដែលបង្កឡើងដោយមេរោគអេដស៍។ បុគ្គលម្នាក់មានជំងឺអេដស៍នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់គាត់មានភាពខ្សោយពេកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនានា ដែលនាំឲ្យគាត់រងគ្រោះនឹងការកើតជំងឺផ្សេងៗ។ នៅពេលដែលការឆ្លងមេរោគនានានេះកើនដល់កម្រិតខ្ពស់ វាជាដំណាក់កាលចុងក្រោយរបស់មេរោគអេដស៍ ហើយបើមិនបានទទួលការព្យាបាលទាន់ពេលទេ អ្នកជំងឺនឹងបាត់បង់ជីវិត។

តើមេរោគអេដស៍ឆ្លងយ៉ាងដូចម្តេច?

មេរោគអេដស៍អាចឆ្លងបានតាមរយៈសារធាតុរាវសរីរាង្គមួយចំនួនពីបុគ្គលដែលមានមេរោគអេដស៍តែប៉ុណ្ណោះ។ សារធាតុរាវទាំងនេះរួមមានឈាម ទឹកកាម សារធាតុរាវ pre-cum សារធាតុរាវពីក្នុងគូថ សារធាតុរាវទ្វារមាស និងទឹកដោះម្តាយ។ នៅប្រទេសកម្ពុជា មេរោគអេដស៍ជាទូទៅឆ្លងតាមការរួមភេទ (តាមទ្វារមាស ឬតាមគូថ) តាមរយៈពីម្តាយទៅទារក និងការប្រើម្ជុលសឺរ៉ាំងរួមគ្នា។

តើមេរោគអេដស៍មិនអាចឆ្លងបានតាមវិធីណាខ្លះ?

ការម៉ាស្សាធ្វើសរសៃ ការថើបគ្នា ការប៉ះពាល់គ្នា ការអោបគ្នាទៅវិញទៅមក ឬការញ៉ែគ្នារឿងផ្លូវភេទតាមទូរស័ព្ទ ឬតាមអនឡាញ ទាំងនេះសុទ្ធតែជាឥរិយាបថសុវត្ថិភាពដែលមិនបណ្តាលឲ្យអ្នក ឬដៃគូអ្នកឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគឡើយ។ ទឹកមាត់ ញើស ការប្រើឧបករណ៍ហូបចុករួមគ្នា ឬការស្លៀកសំលៀកបំពាក់រួមគ្នាជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ក៏មិនបណ្តាលឲ្យមានការឆ្លងមេរោគអេដស៍ទេ។

តើរោគសញ្ញានៃការឆ្លងមេរោគអេដស៍មានអ្វីខ្លះ?

នៅក្នុងអំឡុងពេល ២ ឬ ៣សប្តាហ៍ដំបូងបន្ទាប់ពីឆ្លងមេរោគអេដស៍ ក្នុងចំណោមប្រហែល ២០% នៃបុគ្គលដែលទើបនឹងឆ្លងអាចមានអាការៈស្រដៀងនឹងជំងឺផ្តាសាយធំ ដូចជាគ្រុនក្តៅ រាគ ឡើងហើមកូនកណ្តុរ ឈឺចុកចាប់លើរាងកាយ និងឈឺក្បាល។ រោគសញ្ញាទាំងនេះអាចនឹងបាត់ទៅវិញក្នុងមួយរយៈក្រោយមក ប៉ុន្តែមេរោគអេដស៍នៅតែមានវត្តមានក្នុងខ្លួននៅឡើយ។ វាជាការចាំបាច់គួរកត់សម្គាល់ថាអ្នកអាចមានមេរោគអេដស៍ប៉ុន្តែគ្មានរោគសញ្ញាទាំងនេះទេ ឬអាចមានរោគសញ្ញាទាំងនេះប៉ុន្តែគ្មានមេរោគអេដស៍នៅក្នុងខ្លួន។

តើខ្ញុំធ្វើយ៉ាងណាទើបដឹងថាខ្ញុំមាន ឬគ្មានមេរោគអេដស៍?

វិធីសាស្ត្រល្អបំផុតសម្រាប់អ្នកដើម្បីដឹងថាតើអ្នកមាន ឬគ្មានមេរោគអេដស៍គឺតាមរយៈការធ្វើតេស្តរកមេរោគអេដស៍។ ការធ្វើតេស្តនេះគឺមិនគិតថ្លៃទេ ហើយថែមទាំងមានភាពសាមញ្ញ និងឆាប់រហ័សទៀតផង។ មិនតែប៉ុណ្ណោះ អ្នកអាចមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍នេះនៅគ្លីនិកយើងក៏បាន។ សូមទៅមើលទំព័រសេវាធ្វើតេស្តរកមេរោគអេដស៍របស់យើងសម្រាប់ព័ត៌មានបន្ថែម។

តើឥរិយាបថអ្វីខ្លះដែលធ្វើឲ្យខ្ញុំប្រឈមនឹងការឆ្លងមេរោគអេដស៍?

• ការរួមភេទដោយមិនប្រើស្រោមអនាម័យ ឬគ្មានការការពារត្រឹមត្រូវ
• ការប្រើគ្រឿងស្រវឹងមុន ឬនៅពេលកំពុងរួមភេទ (ឧ. high fun)
• ការរួមភេទជាក្រុម (ឬ sex parties)
• ការប្រើម្ជុលសឺរ៉ាំងរួមគ្នា
• ការធ្លាប់មានជំងឺកាមរោគ (ដែលមិនបានទទួលការព្យាបាល)

តើអ្នកអាចពន្យល់បន្ថែមពីការឥរិយាបថប្រឈមនឹងការឆ្លងមេរោគអេដស៍ដល់ខ្ញុំបានដែរឬទេ?

ការរួមភេទដោយមិនបានប្រើស្រោមអនាម័យត្រឹមត្រូវ និងជាប់លាប់ ឬដោយគ្មានការការពារត្រឹមត្រូវ គឺជាឥរិយាបថមួយដែលធ្វើឲ្យអ្នកប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ។ ជាពិសេស ការរួមភេទតាមគូថដោយគ្មានការការពារធ្វើឲ្យការប្រឈមរបស់អ្នកកាន់តែខ្ពស់ជាងធម្មតា ដោយហេតុថាស្បែក ឬជាលិកានៅបរិវេណក្រសាល់គូថងាយដាច់រហែក។ អ្នកដែលត្រូវបានគេស៊ក (bottom) មានកម្រិតប្រឈមនឹងការឆ្លងមេរោគអេដស៍ខ្ពស់ជាងអ្នកដែលស៊កគេ (top)។

ការប្រើគ្រឿងស្រវឹងមុន ឬពេលកំពុងរួមភេទអាចធ្វើឲ្យប៉ះពាល់ស្មារតី ការគិត និងការវិនិច្ឆ័យរបស់អ្នក ដែលអាចធ្វើឲ្យអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍។ ការប្រើដោយមានកម្រិតគឺជាគន្លឹះមួយគួរចង់ចាំ ហើយសារធាតុស្រវឹងខ្លះមានគ្រោះថ្នាក់ខ្លាំង ដែលអ្នកគួរជៀសវាង។

ការរួមភេទជាក្រុមដូចជានៅ sex parties ដោយមានលាយឡំនឹងការប្រើសារធាតុស្រវឹង ឬឱសថផ្លូវភេទផ្សេងៗ (និងរួមជាមួយការមិនប្រើស្រោមអនាម័យ ឬការការពារត្រឹមត្រូវ) គឺជាឥរិយាបថដែលគ្រោះថ្នាក់មួយ និងធ្វើឲ្យអ្នកប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផងដែរ។

ការប្រើម្ជុលសឺរ៉ាំងរួមគ្នាជាវិធីមួយដែលធ្វើឲ្យការចម្លងមេរោគអេដស៍ និងមេរោគដទៃទៀតមានភាពងាយស្រួល។ ការប្រើម្ជុលសឺរ៉ាំងថ្មីជួយបង្ការការឆ្លងបាន។ ធ្វើយ៉ាងណាត្រូវបោះចោលម្ជុលសឺរ៉ាំងដែលប្រើហើយឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យអ្នកដទៃអាចរើសយកទៅប្រើប្រាស់បន្តបាន។

ជំងឺកាមរោគដែលមិនបានព្យាបាលឲ្យបានជាសះស្បើយអាចធ្វើឲ្យឱកាសឆ្លងមេរោគអេដស៍របស់អ្នកមានការកើនឡើង។ ធ្វើការណាត់ជួបពេទ្យជំនាញជាប្រចាំដើម្បីធ្វើតេស្តរកជំងឺកាមរោគ និងទទួលបានការព្យាបាលទាន់ពេលវេលា។

តើមេរោគអេដស៍/ជំងឺអេដស៍អាចព្យាបាលឲ្យជាបានដែរឬទេ?

បច្ចុប្បន្នពុំមានវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ ឬការព្យាបាលមេរោគអេដស៍/ជំងឺអេដស៍ឲ្យជាសះស្បើយឡើយ។ ប៉ុន្តែនេះមិនមែនមានន័យថាការរស់នៅជាមួយមេរោគអេដស៍ហាក់ដូចជាការទទួលទោសប្រហារជីវិតនោះទេ។ ជាមួយនឹងការព្យាបាលដែលត្រឹមត្រូវ និងជាប់លាប់ អ្នករស់នៅជាមួយមេរោគអេដស៍អាចមានជីវិតរស់នៅធម្មតាដូចប្រជាជនទូទៅ ហើយថែមទាំងកាត់បន្ថយការចម្លងមេរោគអេដស៍ទៅបុគ្គលដទៃទៀតផងដែរ។
គ្លីនិកឈូកសយើងក៏មានផ្តល់សេវាព្យាបាលដោយប្រើឱសថប្រឆាំងនឹងមេរោគអេដស៍ដោយឥតគិតថ្លៃផងដែរ។ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម

តើនរណាខ្លះអាចឆ្លងមេរោគអេដស៍?

មេរោគអេដស៍គ្មានការរើសអើងទេ។ នេះមានន័យថានរណាក៏អាចឆ្លងមេរោគនេះបានដែរ។ មិនតែប៉ុណ្ណោះ អ្នកមិនអាចដឹងថានរណាម្នាក់មានផ្ទុកមេរោគអេដស៍ដោយគ្រាន់តែមើលរូបរាងខាងក្រៅឡើយ។ មានតែការធ្វើតេស្តរកមេរោគអេដស៍ប៉ុណ្ណោះដែលអាចឲ្យអ្នកដឹងថាអ្នក ឬបុគ្គលណាម្នាក់មាន ឬគ្មានផ្ទុកមេរោគអេដស៍។