ការថែទាំ និងព្យាបាល៖ ការថែរក្សាសុខភាពសម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍

ក្នុងនាមជាអ្នករស់នៅជាមួយមេរោគអេដស៍ តើខ្ញុំអាចរស់នៅជាធម្មតាដូចអ្នកដទៃបានដែរឬទេ?

ពិតជាបាន! ទោះជាអ្នករស់នៅជាមួយមេរោគអេដស៍ក៏ដោយ អ្នកនៅតែអាចរស់នៅ ប្រកបរបរ ទៅសិក្សា មានគ្រួសារ ឬធ្វើអ្វីៗផ្សេងទៀតបានដូចដែលអ្នកគ្មានផ្ទុកមេរោគអេដស៍ដែរ។

តើខ្ញុំនៅតែអាចរួមភេទជាមួយដៃគូរបស់ខ្ញុំបានទេ បើទោះជាខ្ញុំរស់នៅជាមួយមេរោគអេដស៍ក៏ដោយ?

• អ្នកពិតជាអាច! ទោះជាអ្នករស់នៅជាមួយមេរោគអេដស៍ក៏ដោយ ក៏អ្នកនៅតែអាចមានជីវិតផ្លូវភេទមួយដែលល្អប្រសើរដែរ។ អ្នកក៏ដូចជាដៃគូរបស់អ្នកនៅតែត្រូវបានលើកទឹកចិត្តឲ្យយល់ដឹងបន្ថែមអំពីបញ្ហាប្រឈម ជាពិសេសទាក់ទងនឹងការរួមភេទដោយគ្មានការការពារ។
• ត្រូវចងចាំថា៖ “មិនអាចរាប់មេរោគអេដស៍ឃើញក្នុងឈាម=មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ។ ប្រសិនបើអ្នកទទួលសេវា ART បានជាប់លាប់ និងជាប្រចាំ ដែលនាំឲ្យបន្ទុកមេរោគអេដស៍ក្នុងឈាមរបស់អ្នកមិនអាចរាប់បាន អ្នកនឹងមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ ឬដៃគូរបស់អ្នកឡើយ។

សូមទាក់ទងមកយើងសម្រាប់ព័ត៌មានបន្ថែមអំពី ម=ម និងការព្យាបាល។

តើខ្ញុំគួរធ្វើយ៉ាងណាប្រសិនបើខ្ញុំមានជំងឺកាមរោគក្នុងអំឡុងពេលទទួល ART?

• ប្រសិនបើលទ្ធផលតេស្តជំងឺកាមរោគអ្នកវិជ្ជមាន ចូរទទួលការព្យាបាលភ្លាម។
• ទាក់ទងនឹងគ្រូពេទ្យ ឬពេទ្យជំនាញដើម្បីទទួលយកឱសថដែលត្រឹមត្រូវ។
• ការទទួលការព្យាបាលបានឆាប់ជួយអ្នកសន្សំពេលវេលា និងថវិកា ហើយជៀសវាងការបាត់បង់ផាសុខភាពបានច្រើនផងដែរ។
• នាំដៃគូរបស់អ្នកទៅធ្វើតេស្ត ឬព្យាបាលជំងឺកាមរោគផង ដើម្បីជៀសវាការចម្លងគ្នាទៅវិញទៅមក។

គ្លីនិកឈូកសយើងផ្តល់សេវាធ្វើតេស្តរកជំងឺកាមរោគ និងសេវាព្យាបាលដោយមិនគិតថ្លៃទេ។ សូមចុចទីនេះសម្រាប់ព័ត៌មានអំពីសេវាធ្វើតេស្តរកជំងឺកាមរោគ ឬចុចទីនេះសម្រាប់សេវាព្យាបាលជំងឺកាមរោគ ឬទាក់ទងមកយើងសម្រាប់ព័ត៌មានបន្ថែម។

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចដើម្បីថែរក្សាសុខភាពរបស់ខ្ញុំក្នុងអំឡុងពេលទទួល ART?

ជម្រើសដែលល្អបំផុតគឺធ្វើតាមការណែនាំរបស់វេជ្ជបញ្ជា ឬក្រុមការងារ ART ពាក់ព័ន្ធនឹងការរក្សាសុខភាពរបស់អ្នក។ ពួកគាត់មានព័ត៌មានគ្រប់ជ្រុងជ្រោយដែលអ្នកត្រូវការ មានដូចជាការគ្រប់គ្រងផលប៉ះពាល់ ការតាមដានការឆ្លើយតបរបស់អ្នកចំពោះការព្យាបាល ការថែរក្សាជីវិតផ្លូវភេទ និងសម្ព័ន្ធភាពជាមួយដៃគូឲ្យនៅមានភាពរួសរវើក ការសម្រេចចិត្តលើផែនការគ្រួសារ ក៏ដូចជាចំនុចផ្សេងៗទៀតជាច្រើន។

នៅពេលដែលខ្ញុំមានអារម្មណ៍ថាមានសុខភាពល្អហើយ តើនេះមានន័យថាខ្ញុំជាសះស្បើយពីមេរោគអេដស៍មែនទេ ហើយខ្ញុំមិនចាំបាច់ទទួលសេវា ART ទៀតមែនទេ?

នៅពេលដែលអ្នកឆ្លងមេរោគអេដស៍ហើយ គឺមានន័យថាអ្នកនឹងរស់នៅជាមួយមេរោគនេះអស់មួយជីវិត។ គ្មានការព្យាបាលណាដែលអាចឲ្យអ្នកជាសះស្បើយពីមេរោគអេដស៍ឡើយ។ ជម្រើសល្អបំផុតសម្រាប់អ្នកក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពដៃគូរបស់អ្នក គឺការទទួលសេវា ART ឲ្យបានជាប់លាប់ និងធ្វើការប្រឹក្សាជាមួយគ្រូពេទ្យ ឬក្រុមការងារ ART របស់អ្នកជាប្រចាំ។

ខ្ញុំបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍អស់រយៈពេល ៤ ទៅ ៥ ឆ្នាំហើយ ហើយក៏បានធ្វើតេស្តរកមេរោគអេដស៍ម្តងទៀតដែរ ដោយទទួលបានលទ្ធផលអវិជ្ជមាន តើនេះមានន័យថាខ្ញុំជាសះស្បើយឬយ៉ាងណា?

ក្រោយពេលទទួលបានការព្យាបាលរយៈពេលយូរ កម្រិតអង្គបដិប្រាណអាចថយចុះ ហើយតេស្តរកមេរោគអេដស៍អាចមានលទ្ធផលអវិជ្ជមាន។ ប្រភេទតេស្តផ្សេងៗក៏ប្រហែលមិនអាចរកមេរោគនេះឃើញដែរ។ ប្រសិនបើការឆ្លងមេរោគអេដស៍របស់អ្នកត្រូវបានបញ្ជាក់តាំងពីដំបូងមកហើយ នោះមានន័យថាអ្នកនៅតែមានមេរោគនេះនៅក្នុងខ្លួនក្នុងសភាពអកម្ម ហើយវាអាចកើនមកវិញប្រសិនបើអ្នកឈប់ទទួល ART។ ចូរចងចាំថាមេរោគអេដស៍គ្មានថ្មាំព្យាបាលឲ្យជាសះស្បើយ និងគ្មានវ៉ាក់សាំងការពារនៅឡើយទេ។